នាថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣៖ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ជូនដល់ក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ និងរមណីយដ្ឋាន ឆ្នេរសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាឯកឧត្តមបណ្ឌិត ងី តាយី បានលើកឡើងថា ដោយយល់ឃើញថា ព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានច្បាប់ជាសារវ័ន្តដោយ ខ្លួនឯងណាមួយដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ អំពីការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ និងស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ច្បាប់ស្តីពីការ គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានផ្តួចផ្តើមរៀបចំឡើង ដោយរាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ។ ជាលទ្ធផល ច្បាប់ស្តីពីការ គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/ រកម/១១២០/ ៣០ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៨២២/០១០ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។ ច្បាប់នេះ ក៏ត្រូវបានចាត់ទុកជាច្បាប់គោលសំខាន់ និងដំបូងគេក្នុងការគ្រប់គ្រងវិស័យចំណូលមិនមែនសារពើពន្ធ និងជាលិខិតុបករណ៍យ៉ាងសំខាន់ក្នុងចូលរួមអនុវត្ត យុទ្ធសាស្ត្រកៀរគរចំណូលរយះពេលមធ្យមរបស់រាជរដ្ឋាភិបាល។ ច្បាប់នេះ ត្រូវបានតាក់តែងឡើងក្នុង គោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធដែលជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ស្ថាប័នជាគោល យន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទសំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាចក្រកម្ពុជាស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះយុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨និងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣របស់រាជរដ្ឋាភិបាល។ កន្លងមកយន្តការនៃ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធត្រូវបានអនុវត្តទៅតាមច្បាប់សំខាន់ៗទៅតាមវិស័យនីមួយៗ ដែលនាំឱ្យចោទជាបញ្ហាលំបាក ក្នុងការអនុវត្ត ទើបរាជរដ្ឋាភិបាលបានផ្តួចផ្តើមរៀបចំតាក់តែងច្បាប់គោលមួយ សម្រាប់ជាក្របខ័ណ្ឌគតិយុត្តគ្របដណ្តប់ការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធជារួម៕